ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

    បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា លើកដំបូង ស្តីពី “ការបង្ហាញសមាសភាពនៃក្រុមប្រឹក្សាភិបាល និងរចនាសម្ព័ន្ធដឹកនាំ និងពិភាក្សាអំពីមុខងារ ភារកិច្ច និងចក្ខុវិស័យរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា”។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាអនុប្រធាន និងសមាជិក នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការមួយចំនួន នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។

    កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាដោយផ្តោតសំខាន់ទៅលើការងារអាទិភាពមួយចំនួនជាអាទិ៍៖

(១)-របាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានាដើមឆ្នាំ២០២៣

(២)-ការប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា អាណត្តិទី១ ឆ្នាំ២០២៣-២០២៨

(៣)-ការបង្ហាញសមាសភាពថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

(៤)-ការពិភាក្សាអំពីមុខងារ ភារកិច្ច និងចក្ខុវិស័យរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

(៥)-ការត្រៀមលក្ខណៈសម្បត្តិក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូន សិស្សចៅក្រមនិងព្រះរាជអាជ្ញា សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលនឹងត្រូវរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នាថ្ងៃស្អែកនេះ។

    គូសបញ្ជាក់ផងដែរថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលសរសេរអក្សរកាត់ថា “ប.ភ.យ.ក.” ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈស្ថិតក្រោមការគ្រប់គ្រងក្រសួងយុត្តិធម៌ ដែលត្រូវបានរៀបចំកែសម្រួលពីរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៥២០ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងធានា និងលើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ វិជ្ជាជីវៈច្បាប់ និងជំនាញផ្សេងទៀតក្នុងវិស័យច្បាប់ និងយុត្តិធម៌ ព្រមទាំងពង្រឹងការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា។ ប.ភ.យ.ក. មានរចនាសម្ព័ន្ធចំណុះចំនួន ៦រួមមាន៖ សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា, សាលាភូមិន្ទអាជ្ញាសាលា, សាលាភូមិន្ទក្រឡាបញ្ជី, សាលាភូមិន្ទសារការី, សាលាច្បាប់, និងអគ្គលេខាធិការដ្ឋាន។ ទន្ទឹមនេះ, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក៏ស្ថិតនៅក្រោមការគ្រប់គ្រង និងការទទួលខុសត្រូវផ្នែករដ្ឋបាលដោយ ប.ភ.យ.ក. ផងដែរ។

ព័ត៌មាន ថ្មីៗ

...

នៅថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣, នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា​ មានការរៀបចំពិធីអបអរសាទរសង្ក្រានឆ្នាំថ្មី និងមានការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ ព្រមទាំងមានការរៀបចំពិសារអាហារសាមគ្គី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦​។ ពិធីនេះត្រូវបានសហការរៀបចំឡើងដោយសិស្សចៅក្រម ជំនាន់ទី ១១, សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី ២, សិស្សសារការី ជំនាន់ទី ៣, សិស្សអាជ្ញាសាលា ជំនាន់ទី ២​ និងមន្ត្រីរាជការ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ប្រកបដោយបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព ភាតរភាព និងសប្បាយរីករាយ។

...

នៅថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីស្វែងយល់ពីកម្មវិធីសិក្សា ជាពិសេសកិច្ចសហប្រតិបត្តិការដែលមានកិច្ចធានា និងការពិនិត្យលទ្ធភាពរួមគ្នាលើការលើកកម្ពស់ការអនុវត្តកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលសិស្សនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

...

នៅថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣, ប្រតិភូនៃគណៈកម្មការបច្ចេកទេស និងវិទ្យាសាស្ត្រ ដឹកនាំដោយ លោក ណយ សំអុល អនុប្រធានផ្នែក លោកស្រី ឃុត ស៊ាងអៃ អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានដឹកនាំសិស្សចៅក្រម ជំនាន់ទី ១០ ដែលបាននិងកំពុងធ្វើកម្មសិក្សា នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចុះទស្សនកិច្ចសិក្សានៅមណ្ឌលអប់រំកែប្រែខេត្តត្បូងឃ្មុំ។ គោលបំណងនៃការចុះទស្សនកិច្ចសិក្សានេះ គឺដើម្បីសិក្សាស្វែងយល់អំពីការងារពាក់ព័ន្ធរវាងមណ្ឌលអប់រំកែប្រែ ជាមួយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ព្រមទាំងការងារពាក់ព័ន្ធផ្សេងៗ។

...

សកម្មភាពបង្រៀនសិស្សអាជ្ញាសាលា ជំនាន់ទី ៣ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លើមុខវិជ្ជា«មន្រ្តីនគរបាលយុត្តិធម៌»

...

សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “វិវាទក្រុមហ៊ុនពាណិជ្ជកម្ម និងយន្តការដោះស្រាយវិវាទក្រុមហ៊ុនពាណិជ្ជកម្ម” សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១ (ឯកទេសកម្ម ចៅក្រមអាសនៈ) នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

...

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំពិធីប្រគល់-ទទួលសៀវភៅដែលជាអំណោយរបស់ លោកជំទាវបណ្ឌិត BÉATRICE BALIVET សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យលីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង សម្រាប់ដាក់ប្រើប្រាស់នៅបណ្ណាល័យ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា