• ទំព័រដើម
  • អ៊ីម៉ែល
  • ទំនាក់ទំនង
រ.ប.វ.ត
  • ទំព័រដើម
  • អារម្ភកថា
  • អគ្គលេខាធិការដ្ឋាន
  • សាលាភូមិន្ទចៅក្រម
  • សាលាភូមិន្ទក្រឡាបញ្ជី
  • សាលាភូមិន្ទអាជ្ញាសាលា
  • សាលាភូមិន្ទសារការី
  • គំរោងផ្សេងៗ
  • ទំនាក់ទំនង
សលាកប័ត្រព៌តមាន
  • ចៅក្រម
  • ក្រឡាបញ្ជី
  • អាជ្ញាសាលា
  • សារការី
សេចក្តីជូនដំណឹង
  • លក់និងទទួលពាក្យប្រឡង សិស្សចៅក្រមនិងក្រឡាបញ្ជី
ដៃគូសហប្រតិបត្ដិការ

អគ្គលេខាធិការដ្ឋាន

១-ការធ្វើផែនការបណ្តុះបណ្តាលរយៈពេល៥ឆ្នាំ (២០០៨ - ២០១២)

អគ្គលេខាធិការដ្ឋាន នៃ​រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ​បានរៀបចំ​ផែនការ​បណ្តុះបណ្តាល​រយៈពេល​៥ឆ្នាំ (២០០៨ - ២០១២) ដែលផែនការ​នេះ ត្រូវបាន​អនុម័ត​ជាផ្លូវការ​​ដោយ​​សម័យ​ប្រជុំ​លើកទី៥ របស់​ក្រុម​ប្រឹក្សាភិបាល​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈតុលាការ ចុះថ្ងៃទី ១១ ខែ ធ្នូ  ឆ្នាំ ២០០៧ ។
អានលំអិតអំពី ផែនការបណ្ដុះបណ្តាលរយៈពេល៥ឆ្នាំរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

២- បេសកកម្ម នៅតាមសាលាដំបូងខេត្ត-ក្រុង នានា

ជារៀងរាល់ឆ្នាំ គណៈគ្រប់គ្រង​រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បាន​ចុះ​​បេសកកម្ម​​ទៅ​តាម​​សាលាដំបូង​​ខេត្ត-​ក្រុង​​នានា ក្នុង​​គោល​បំណង ៣ គឺ៖

  • ពិនិត្យ និងតាមដាន​ការធ្វើកម្មសិក្សា របស់សិស្សចៅក្រម
  • ការដាក់សិស្សក្រឡាបញ្ជី ឲ្យធ្វើកម្មសិក្សា នៅតាមសាលាដំបូងខេត្ត-ក្រុងនានា
  • ស្វែងយល់ពីតម្រូវការចៅក្រម ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី តាមសាលាខេត្ត-ក្រុង​នានា
៣- កិច្ចសហប្រតិបត្តិការអន្តរជាតិ
៣-១ កិច្ចសហប្រតិបត្តិការបារាំង ៖

ភាគីបារាំងបាននឹងកំពុងជួយធ្វើការបណ្តុះបណ្តាលនៅតាមសាលាភូមិន្ទចៅក្រម និង​សាលាភូមិន្ទក្រឡាបញ្ជី លើ​​កិច្ចការ​​ព្រហ្មទណ្ឌ។ ចំណែក​ឯសាលា​ពីរទៀត​ដែល​ទើប​តែ​បង្កើត​ថ្មី គឺ​សាលាភូមិន្ទអាជ្ញាសាលា និង​សាលាភូមិន្ទ​សារការី បារាំង​ក៏​នឹង​ជួយ​ធ្វើការ​បណ្តុះបណ្តាល​ផងដែរ។

៣-២ កិច្ចសហប្រត្តិការជប៉ុន ៖

ភាគីជប៉ុននៅតែបន្តជួយធ្វើការបណ្តុះបណ្តាល លើកិច្ចការរដ្ឋប្បវេណី ដល់ចៅក្រម  ក្រឡាបញ្ជី ព្រម​ទាំង​ជួយ​បណ្តុះបណ្តាល​​គ្រូបណ្ដុះបណ្ដាល​ផង​ដែរ។ ការ​បណ្ដុះបណ្ដាល​គ្រូ ​ត្រូវ​ធ្វើ​នៅ​កម្ពុជា និង​ប្រទេសជប៉ុន មាន​រយៈពេល ១ឆ្នាំ។  រហូត ​មក​ដល់​ឆ្នាំ​២០០៩​នេះ​ ភាគី​ជប៉ុន​ជួយ​បណ្ដុះបណ្ដាលគ្រូ បាន​ចំនួន​២ក្រុម ដែល​ក្រុមទី១ មាន​គ្រូចំនួន៧នាក់ និង​ក្រុមទី២ មាន​ចំនួន​៩នាក់។ សព្វថ្ងៃនេះ គ្រូ​ក្រុមទី១​​បាន​ទទួល​ការបណ្ដុះបណ្ដាល​ចប់​ដោយ​ជោគជ័យ ហើយ​កំពុង​​បង្រៀន​សិស្សចៅក្រម​ សិស្សក្រឡាបញ្ជី និង​ធ្វើជាគ្រូជំនួយក្នុង​កម្មវិធីប​ណ្ដុះបណ្ដាលបន្ត សម្រាប់​ចៅក្រម​ផងដែរ។ ចំពោះ​គ្រូក្រុមទី២ បាន​ចាប់ផ្តើម​ទទួល​ការបណ្ដុះបណ្ដាល តាំងពីថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០០៨ មកម៉្លេះ ហើយ​បានទៅ​ប្រទេសជប៉ុន ពីថ្ងៃទី៦ ដល់១៧ ខែតុលា ឆ្នាំ២០០៨។

៣-៣ កិច្ចសហប្រត្តិការអាល្លឺម៉ង់ ៖

នាឆ្នាំ២០០៨ ភាគីអាល្លឺម៉ង់បានជួយធ្វើការបណ្តុះបណ្តាលតាមរយៈអង្គការពីរគឺ អង្គការ GTZ និង អង្គការ InWent

  • ទី១៖ អង្គការ GTZ ជួយបណ្តុះបណ្តាលលើប្រធានបទស្តីពី អំពើហិង្សាក្នុងគ្រួសារ  ដល់សិស្សចៅក្រម និងចៅក្រម កំពុងបំពេញការងារ ព្រមទាំង​បណ្ដុះ​បណ្ដាល​គ្រូផងដែរ។
  • ទី២៖ អង្គការ InWent បានផ្តល់អាហារូបករណ៍ដល់សិស្សចៅក្រមជំនាន់ទី៣ ចំនួន៦រូប  ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ច្បាប់ឧក្រឹដ្ឋកម្មអន្តរជាតិ ជា​ដំណាក់​កាល​​ដូច​ខាង​ក្រោមៈ
  • ដំណាក់កាលទី១៖  ថ្ងៃទី២៤ ខែ មីនា ដល់ ថ្ងៃទី៥ ខែ មេសា ឆ្នាំ ២០០៨ រៀនច្បាប់ឧក្រឹដ្ឋកម្មអន្តរជាតិ នៅ រ.ប.វ.ត ។
  • ដំណាក់កាលទី២៖  ថ្ងៃទី ១៧ ដល់ ៣១ ខែ ឧសភា ឆ្នាំ ២០០៨ ទស្សកិច្ចសិក្សានៅប្រទេសអាល្លឹម៉ង់ និងហូឡង់​ ។
  • ដំណាក់កាលទី៣៖  ថ្ងៃទី០១  ខែ មិថុនា  ដល់ថ្ងៃទី ៣០  ខែ កញ្ញា ឆ្នាំ ២០០៨   ធ្វើ​កម្មសិក្សា​នៅ​អង្គជំរុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) ។
៣-៤ កិច្ចសហប្រតិបត្តិការសឹង្ហបូរី ៖

ស្ថានទូតសឹង្ហបុរីប្រចាំនៅកម្ពុជា បានជួយបង្រៀនភាសាអង់គ្លេសក្នុងវិស័យច្បាប់ (English for Law) ដល់សិស្ស​ចៅក្រម​គ្រប់ជំនាន់ ហើយទទួលយកសិស្សចៅក្រម២ ឬ៣នាក់ ជារៀងរាល់ឆ្នាំ ឱ្យទៅធ្វើ​កម្មសិក្សា​នៅ​ប្រទេសសឹង្ហបូរី។   ជាក់ស្ដែង ក្នុងឆ្នាំ២០០៨ សាលាបានបញ្ជូនសិស្សចៅក្រម ជំនាន់ទី៣ ចំនួន៣នាក់ ឲ្យទៅធ្វើកម្មសិក្សា​នៅតុលាការជាន់ទាប​​នៃប្រទេសសឹង្ហបុរី។

៣-៥ កិច្ចសហប្រតិបត្តិការជាមួយអង្គការ និងស្ថាប័នផ្សេងៗ ៖

អង្គការ UNICEF បានជួយបណ្តុះបណ្តាលបឋម និងបន្ត លើប្រធានបទ យុត្តិធម៌អនីតិជន និងការ​ការពារ​សិទ្ធិកុមារ  ព្រមទាំង​បាន​ជួយ​រៀបចំ​បោះពុម្ពសៀវភៅស្តីពីប្រធានបទខាងលើ ជូន រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការផងដែរ ។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈ វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា-បស្ចឹម (EWMI) បានជួយបណ្តុះបណ្តាលបឋម និងបន្តស្តីពី ច្បាប់ភូមិបាល និង ក្រមសីលធម៌​ចៅក្រម ។  ក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមរយៈ ILO ជួយបណ្តុះបណ្តាលដល់សិស្សចៅក្រម  លើបញ្ហាវិវាទ​ការងារ។ ចំណែកអង្គការមូលនិធិអាស៊ីវិញ (The Asia Foundation) កំពុងស្នើសុំជួយបង្រៀន​​លើប្រធានបទ ការប្រឆាំង​​ការជួយដូរមនុស្ស សម្រាប់​ឆ្នាំ២០០៩ ។

៤- ការជ្រើសរើសចៅក្រមពាណិជ្ជកម្ម

យោងតាមប្រកាស លេខ១០៩ ប្រក ស្តីពីការបង្កើតគណៈកម្មការជ្រើសរើសចៅក្រម ដើម្បីបំពេញមុខងារ ជាចៅក្រម ជំនាញក្នុងវិវាទពាណិជ្ជកម្ម ចុះថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០០៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ឆ្នាំ ២០០៨ រាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការ ទទួលបានបេក្ខជន ដែលដាក់ពាក្យសុំប្រឡងប្រជែង ចំនួន២៩នាក់ (ស្រី៣នាក់)។ គណៈកម្មការធ្វើការសម្ភាសន៍ ២លើក គឺលើកទី១ មានបេក្ខជន ១៣នាក់ បានជាប់ និងលើកទី២ មានបេក្ខជន០៥នាក់បានជាប់។​ សរុបបេក្ខជន ដែលបានធ្វើសម្ភាសន៌ជាប់មានចំនួន ១៨នាក់ (ស្រី ០៣នាក់) ដែលត្រូវឲ្យធ្វើការហ្វឹកហាត់យកវិញ្ញាបនប័ត្រ ដើម្បីប្រកបមុខងារជាចៅក្រមជំនាញខាងជំនុំជម្រះវិវាទពាណិជ្ជកម្ម ក្នុយុត្តាធិការពាណិជ្ជកម្ម ដែលនឹង​ត្រូវបង្កើតនាពេលខាងមុខ។

៥- ការបើកបង្រៀនត្រៀមសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៥

រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានបើកង្រៀនថ្នាក់ត្រៀមសម្រាប់ ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម ជំនាន់ទី៥ ដែល​មាន​រយៈពេល ៣​ខែ ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០០៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៩។ ក្នុងវគ្គនេះ មាន​សិស្ស​សរុប​ចំនួន ៦៣នាក់ ដែលបានសិក្សាលើមុខវិជ្ជាចំនួន ៣ គឺ  វប្បធម៌ទូទៅ នីតិព្រហ្មទណ្ឌ (គោលការណ៍​ទូទៅ​នៃ​នីតិវិធីព្រហ្មទណ្ឌ ការវិភាគសាលក្រម និង​សាដីកាព្រហ្មទណ្ឌ) និង​នីតិរដ្ឋប្បវេណី(គោលការណ៍​ទូទៅ នៃ​នីតិរដ្ឋប្បវេណី ការវិភាគ​សាលក្រម និង​សាលដីកា​រដ្ឋប្បវេណី)។

៦- ការងារសាងសង់

អគារថ្មីមានកំពស់៤ជាន់ របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលជាជំនួយរបស់ជប៉ុន បានចាប់ផ្ដើម​សាងសង់ តាំងពីខែកក្កដា ឆ្នាំ២០០៦ ហើយបានបញ្ចប់ទាំងស្រុងនៅខែមិថុនា ឆ្នាំ២០០៨។​ អគារថ្មីនេះ ត្រូវបាន​ប្រើប្រាស់​តាំងពីខែសីហា ឆ្នាំ២០០៨ មកម៉្លេះ ទោះជាអគារ​នេះមិនទាន់បាន​សម្ភោធឲ្យប្រើប្រាស់​ជាផ្លូវការ​ក៏ដោយ។

 

© រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ២០១០
ផ្ទះលេខ១៧ ផ្លូវលេខ ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌ័ចំការមន ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា